ប្រវត្តិសង្ខេបរបស់វិទ្យាស្ថានជាតិអប់រំ
នៅឆ្នាំ១៩១៤ក្រោមអាណាព្យាបាលបារាំង
បានសាងសង់សាលាបឋមសិក្សាមួយដែលមានឈ្មោះថា
សាលាបឋមសិក្សា Francois
Baudoin
សាលាមានការវិវត្តន៍មិនឈប់ឈរព្រមទាំងត្រូវបានប្តូរឈ្មោះជាបន្តបន្ទាប់នៅក្នុងប្រវត្តិរបស់ខ្លួន។
នៅឆ្នាំ១៩៤៣ សាលានេះបានប្រែឈ្មោះជា
សាលាគរុកោសល្យ បន្ទាប់មកនៅឆ្នាំ១៩៥៧
ក៏បានក្លាយជាវិទ្យាស្ថានជាតិគរុកោសល្យ
ហើយនៅឆ្នាំ
១៩៦៥ក៏ប្រែឈ្មោះមកជាមហាវិទ្យាល័យ
គរុកោសល្យ។
មុនឆ្នាំ១៩៧៥
ភារកិច្ចចម្បងរបស់គ្រឹះស្ថានគឺការបណ្ដុះបណ្ដាលបុគ្គលិកសិក្សា។នៅពេលដែលសាលានេះមានឈ្មោះ
សាលាគរុកោសល្យនៅឆ្នាំ១៩៤៣
ការបណ្ដុះបណ្ដាលសម្រាប់គ្រូបឋមសិក្សានៅទូទាំងប្រទេស។
ពីឆ្នាំ១៩៥៨
ដល់ឆ្នាំ១៩៦៥វិទ្យាស្ថានជាតិគរុកោសល្យមានបេសកកម្មថ្មីមួយទៀតគឺបណ្ដុះបណ្ដាលអធិការបឋមសិក្សា។
គួររំលឹកដែរថាកាលពីពេលនោះ
ការបណ្ដុះបណ្ដាលអធិការមធ្យមសិក្សា
បឋមភូមិមិនទាន់មាននៅឡើយទេ
ហើយការបណ្ដុះបណ្ដាលសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិធ្វើនៅសាលាគរុវិជ្ជាជាន់ខ្ពស់ដែលទីកន្លែងនេះបច្ចុប្បន្នក្លាយជាវិទ្យាស្ថានភាសាបរទេសនៃ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
វិទ្យាស្ថានជាតិអប់រំបានបណ្ដុះបណ្ដាលគ្រូមធ្យមសិក្សា
បឋមភូមិគ្រប់មុខវិជ្ជាចំនួន
២៩៩២នាក់និងអធិការបឋមសិក្សាចំនួន៦៦នាក់។
នៅក្នុងឆ្នាំ១៩៧៤
១៩៧៥មានគ្រូមធ្យមសិក្សាបឋមភូមិចំនួន
១៤១នាក់ និងអធិការ
បឋមសិក្សាចំនួន ១៤ នាក់
កំពុងបណ្ដុះបណ្ដាល។
តែជាអកុសល
ពួកគេទាំងនោះមិនបានប្រឡងបញ្ចប់ការសិក្សានោះទេ
ក៏ព្រោះថាពួកខ្មែរក្រហមបានចូលមកកាន់កាប់អំណាច។
ពីឆ្នាំ១៩៧៥
រហូតដល់ចុងឆ្នាំ១៩៧៨
គ្រឹះស្ថាននេះក៏ដូចជាគ្រឹះស្ថានដទៃទៀតនៅក្នុងប្រទេសគឺត្រូវបានបិទទ្វាទាំងស្រុង។
ក្រោយឆ្នាំ១៩៧៩
គ្រឹះស្ថាននេះត្រូវបានបើកទ្វាឡើងវិញ
ហើយមានឈ្មោះថា
សាលានយោបាយក្រសួងអប់រំ
បន្ទាប់មកក៏បានប្រែឈ្មោះជាសាលាគរុកោសល្យ
និង វិក្រិតការមជ្ឈិម
នៅឆ្នាំ១៩៨០ រួចនៅឆ្នាំ១៩៨៦
ក៏មានឈ្មោះថា
សាលាគ្រប់គ្រងកម្មាភិបាលជាន់ខ្ពស់អប់រំ។
នៅឆ្នាំ១៩៩៣
បានប្តូរឈ្មោះម្តងទៀតទៅជាមហាវិទ្យាល័យគរុកោសល្យ
ដែលជាឈ្មោះដើមរបស់ខ្លួនវិញ
ហើយមកដល់ឆ្នាំ ២០០៤
នេះដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍របស់សង្គមជាតិ
និងការអភិវឌ្ឍន៍របស់វិស័យអប់រំ
គួបផ្សំនិង
សំណូមពរចាំបាច់របស់សង្គមជាតិនៅក្នុងដំណាក់កាលសកលភាវូបនីយកម្ម
និង ក្នុងដំណាក់កាលនៃការរីកចម្រើននៃវិទ្យាសាស្ត្ បច្ចេកទេសមហាវិទ្យាល័យគរុកោសល្យត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិទី២
ដែលមានសម្ដេច ហ៊ុន សែន
ជាប្រមុខសម្រេចប្រែក្លាយឲ្យទៅជាវិទ្យាស្ថានជាតិអប់រំ
តាមអនុក្រឹត្យលេខ ០៤
អនក្រ.បក
ចុះថ្ងៃទី ១១ ខែ មិនា ឆ្នាំ
២០០៤។
នៅថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០០៥ឈ្មោះវិទ្យាស្ថានជាតិអប់រំបានសម្ពោធមជ្ឈមណ្ឌល
វប្បធម៌ សម្ដេច ហ៊ុន សែន
និង លោកជំទាវ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន និង លោកជំទាវ ប៊ុនរ៉ានី
ហ៊ុន សែន។
សព្វថ្ងៃនេះវិទ្យាស្ថានជាតិអប់រំមានមុខងារបណ្ដុះបណ្ដាលជាច្រើនផ្នែកដូចខាងក្រោម៖
- គ្រូកម្រិតឧត្ដម បរិញ្ញា+១
- ផ្នែកអធិការ មធ្យមសិក្សា
- គរុសិស្សកម្រិតមូលដ្ឋានឯកទេសភាសាបារាំងខ្មែរ
- គ្រូឧទ្ទេស បឋមសិក្សា
- អធិការបឋមសិក្សា
- គ្រូឧទ្ទេសភាសាបារាំង អង់គ្លេស
- បើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីរាជការផ្សេងៗ។